កម្ពុជា.ថៃសំអាតបរិស្ថានជុំវិញស្ពានអន្តរជាតិស្ទឹងបត់ មុនថ្ងៃសម្ភោធដាក់ឲ្យប្រើប្រាស់

បន្ទាយមានជ័យ៖ ក្រោយពីមានជំនួបរវាងទេសរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជានិងថៃ បានពិភាក្សារៀបចំទីតាំងដើម្បីដាក់សម្ភោធស្ពានអន្តរជាតិស្ទឹងបត់ នាពេលកន្លែងទៅថ្មីៗនេះ ហើយនៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០១៩ ភាគីទាំងពីរបានរៀបចំសំអាតបរិស្ថាន និងបារយកកំប្លោកចេញពីអូរព្រំដែន រ៉ាវរកគ្រាប់មីន។

ក្នុងការសំអាតបរិស្ថាន បារយកកំប្លោក រ៉ាវរកគ្រាប់មីន និងសំអាតព្រៃនៅបរិវេណច្រកទ្វារអន្តរជាតិស្ទឹងបត់ ក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត គេសង្កេតឃើញមានភាគីកម្ពុជា មានកម្លាំងយោធាសឹងរងក្រុង វរសេនាតូចនគរបាលការពារព្រំគោលលេខ៨៩១ និង៩១១ រួមទាំងមន្ត្រីជំនាញស៊ីម៉ាក់ និងខាងភាគីថៃមាន មានអាជ្ញាធរ និងយោធា ដែលភាគីទាំងពីរបានប្រើប្រាស់គ្រឿងច្រកជាច្រើនគ្រឿងផងដែរ។

សមត្ថកិច្ចនគរបាលដែលកំពុងសំអាតបរិស្ថានប្រាប់ថា ការចុះបារយកកំប្លោកចេញពីអូរព្រំដែនគឺមានចំងាយ៣០០ម៉ែត្រពីសងខាងស្ពាន ក្នុងនោះក៏មានការវាយសំអាតព្រៃជុំវិញបរិវេនស្ពាន និងមានការរ៉ាវរកគ្រាប់មីនពីមន្ត្រីជំនាញស៊ីម៉ាក់ ដើម្បីការពារក្នុងការសំអាតបរិស្ថានជុំវិញ ក៏ដូចជាបរិវេនច្រកទ្វារអន្តរជាតិទាំងមូលផងដែរ។

គួរបញ្ជាក់ថា ការសំអាតបរិស្ថានរួមគ្នារវាងភាគីទាំងពីរ គឺដើម្បីរៀបចំទីតាំងសម្ភោធស្ពានអន្តរជាតិស្ទឹងបត់ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមនាយករដ្ឋមន្ត្រីថៃ អញ្ជើញមកសម្ភោធបើកឲ្យប្រើប្រាស់ នៅថ្ងៃទី២២ ខែមេសា ខាងមុខឆាប់នេះផងដែរ៕សៅនៅ

error: Content is protected !!