ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀងកម្ពុជា.ថៃ ផ្តើមសាងសង់អគាររដ្ឋបាល

បន្ទាយមានជ័យ៖ ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀងកម្ពុជា.ថៃ ស្ថិតនៅក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឈមនិងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវប្រទេសថៃ ចាប់ផ្តើមសាងសង់ អគាររដ្ឋបាល ក្នុងការបំពេញការងារបំរើសេវាកម្ម សំរាប់រថយន្តធំៗដឹកទំនិញឆ្លងកាត់ បម្រើឱ្យការដឹកជញ្ជូនទំនិញ និងការផ្លាស់ប្តូរធុរកិច្ចរវាងប្រទេស ទាំងពីរ។

តំណាងក្រុមហ៊ុនម៉ៅការ CM JV TKE លោក តាន់ គឹមហួត បានឲ្យដឹងថា ក្រុមហ៊ុនបានម៉ៅការពីរដ្ឋដើម្បីស្ថាបនា សាងសង់អគាររដ្ឋបាលច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ក្រុមហ៊ុនបានទទួលសាងសង់ ផ្លូវភ្លោះមួយខ្សែ ទីតាំងត្រួតពិនិត្យរថយន្តដឹកទំនិញ ចំណតរថយន្ត ទីតាំងស្តុកទូរកុងតឺន័រ អគាររដ្ឋបាល និងអគារស្នាក់នៅរបស់មន្ត្រីរាជការដែលបំរើការងារប្រចាំច្រក ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន២ឆ្នាំដើម្បីស្ថាបនាឲ្យទាន់ពេលវេលា។ លោកបញ្ជាក់ប្រាប់អ្នកសារព័ត៌មានបែបនេះ ក្នុងពិធីក្រុងពលីសាងថសង់ស្ថាបនាទីកន្លែងរដ្ឋបាលច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ។

គួរបញ្ជាក់ថា៖ តាមប្រសាសន៍ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលកន្លងមកបានឲ្យដឹងថា ច្រកទ្វារព្រំដែនអន្តរជាតិនេះ នឹងបម្រើតែសេវាដឹកជញ្ជូនទំនិញតែប៉ុណ្ណោះ ដោយរក្សាទុកច្រកអន្តរជាតិប៉ោយប៉ែតសម្រាប់បម្រើតែសេវាដឹកជញ្ជូនភ្ញៀវទេសចរ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាផ្ដល់ភាពងាយស្រួលដល់សមត្ថកិច្ចក្នុងការត្រួតពិនិត្យទំនិញដឹកជញ្ជូនឆ្លងកាត់ព្រំដែនឲ្យមានប្រសិទ្ធភាព តម្លាភាព និងចំណេញពេលវេលា៕

 

error: Content is protected !!