មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលជម្រុញឲ្យអាជ្ញាធរយកចិត្តទុកដាក់បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋដើម្បីបំបាត់ការថ្នាំងថ្នាក់


ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ កឹមយ៉ាន ប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ជម្រុញឲ្យអាជ្ញាធរ មន្ត្រីពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់បំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អបន្ថែមទៀត ដើម្បីឆ្លើយតបនិងការជឿជាក់របស់ប្រជាពលរដ្ឋ ដែលបានគាំទ្ររាជរដ្ឋាបាល ដែលមានប្រសាសន៍នៅក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនាន់ នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០១៩ នៅក្នុងភោនីយដ្ឋាន អ៊ីញ៉ាញ់ ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។


ឯកឧត្តម ឧបនាយរដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា នៅខេត្តបន្ទាយមានជ័យ មានស្រុកខ្លះមិនមានបញ្ហានោះទេ ហើយមានស្រុកខ្លះ នៅមានបញ្ហារឿងចេញបណ្ណ័កម្មសិទ្ធិ ដីធ្លី ប៉ុន្តែក្នុងនោះសេវាសុខភាព ក៏មានច្រើនណាស់ដែរ ដូច្នេះមន្ត្រីទាំងអស់ត្រូវខិតខំឆ្លើយតបឲ្យបានល្អថែមទៀត ជាពិសេសសេវាសាធារណៈឈានដល់ការបំបាត់កុំឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ ដែលវាជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋចង់បាន។


ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ កឹមយ៉ាន ក៏បានជម្រុញឲ្យអាជ្ញាធរ បង្កើតវេទិកាសាធារណៈរៀងរាល់៣ខែម្តង ដើម្បីឲ្យប្រជាពលរដ្ឋបានបញ្ចេញមតិបង្ហាញពីបញ្ហាប្រឈមនានារបស់ពួកគាត់ និងត្រូវរកដំណោះ ជូនពួកគាត់ផងដែរ តែក្នុងនោះក៏មានបញ្ហាខ្លះ មិនអាចដោះស្រាយបានភ្លាមៗនោះទេ ដូច្នេះស្នើឲ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ ចុះទៅពិនិត្យតាមភូមិជាក់ស្តែងដើម្បីរកដំណោះស្រាយឲ្យពួកគាត់ផងដែរ។
ក្នុងនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានគិតគូរ អំពីបញ្ហាប្រឈមគ្រោះរីងស្ងួត នាវដូវប្រាំងខាងមុខនេះផងដែរ ដោយជំរុញឲ្យមន្ត្រីមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរ កាយ និងស្តារ រៀបចំប្រព័ន្ធទប់ទឹក រក្សាទឹក ឲ្យបានល្អប្រសើរ ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ។


ប្រជាពលរដ្ឋ៦២១គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់មកតាមបណ្តាលស្រុក ក្រុងនានា ក្នុងខេត្តបន្ទាយមានជ័យ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូ ត្រីខ១យួរ មី១កេស ទឹកស៊ីអ៊ីវ១យួរ នំធុង១ធុង សារ៉ុង២ ប៊ីចេង០.៥គីឡូក្រាម និងថវិកា២ម៉ឺនរៀល ចំណែកគ្រួសាររងគ្រោះដោយលង់ទឹកស្លាប់៩គ្រួសារក្នុង១គ្រួសារទទួលបានថវិកា៥០ម៉ឺនរៀលបន្ថែមផងដែរ៕(សៅនៅ)

error: Content is protected !!