ខ្យល់កន្ត្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋ២ស្រុក ប៉ះពាល់ចំនួន៤៧ខ្នង និងកុដិលោក១ខ្នង


បន្ទាយមានជ័យ ៖ខ្យល់កន្រ្តាក់លាយឡំជាមួយ ផ្គរ រន្ទះ បានបក់បោកយ៉ាងខ្លាំងបង្កខូចខាតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន២ស្រុកក្នុងខេត្តបន្ទាយមានជ័យ សរុប៤៧ខ្នង និងកុដិលោក១ខ្នង។ ខ្យល់កន្រ្តាក់នេះបានកើតឡើងនៅល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ២ស្រុកដែលរងគ្រោះដោយខ្យល់ កន្រ្តាក់នោះ គឺស្រុកមង្គលបូរីខូចខាតផ្ទះ១៣ខ្នង កុដិលោក១ខ្នង និងស្រុកម៉ាឡៃខូចខាតផ្ទះ ៣៤ខ្នង យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាល ស្រុកមង្គលបូរីនិងស្រុកម៉ាឡៃ ឲ្យដឹងនៅថ្ងៃទី០៨ខែមេសាឆ្នាំ២០១៩នេះ។


លោក ស៊ិន ណារ៉ាក់ អធិកានគរបាលស្រុកមង្គលបូរី បានឱ្យដឹងថា៖ ខ្យល់កន្រ្តាក់ បានបង្កឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ មានដួលរលំនិងរបើកដំបូលស័ង្កសី នៅភូមិហ៊ុបប្ញស្សី ឃុំសឿ ស្រុកមង្គលបូរីចំនួន ១៣ខ្នង និងកុដ្ឋលោក១ខ្នង ។


ចំណែកនៅស្រុកម៉ាឡៃ លោកបេន សំអាត អធិការនគរបាលស្រុក ក៏ឲ្យដឹងដែរថា៖ នៅក្នុងភូមិស្រះភ្លោះ,ភូមិខ្ជាយបល័្លង្ក ឃុំតាគង់ ស្រុកម៉ាឡៃ ក៏មានខ្យល់កន្រ្តាក់ ផងដែរ នៅល្ងាចថ្ងៃទី០៧ខែមេសា ឆ្នាំ២០១៩ ដែលបង្កឲ្យខូចខាតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដូចជារបើកដំបូលនិងដួលរលំចំនួន៣៤ខ្នង។


ក្រោយពីខ្យល់កន្រ្តាក់របង្កឱ្យខូចខាតផ្ទះសំបែងប្រជាពលរដ្ឋទាំង២ស្រុកគឺស្រុកម៉ាឡៃនិងស្រុកមង្គលបូរី នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ កម្លាំងនគរបាល កម្លាំងប្រជាការពារ និងកម្លាំងយោធាទាំង២ស្រុក បានចេញទៅជួយអន្តរាគមន៍រុះរើផ្ទះរងការខូចខាត និងបានជួសជុល កសាងជូនប្រជាពលរដ្ឋរងគ្រោះជាបន្តបន្ទាប់នោះផងដែរ។


សូមបញ្ជាក់ថា៖ លើកទី៣នោះហើយ ដែលបន្ទាយមានជ័យ នាដើមឆ្នាំ២០១៩ បានរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្រ្តាក់បង្កការខូចខាតផ្ទះសំបែងរបស់ ប្រជាពលរដ្ឋរាប់រយខ្នង និងសាលារៀន កុដិលោក មួយចំនួន បើទោះមានការបង្កដោយគ្រោះធម្មជាតិយ៉ាងណានៅមិនទាន់មានរបាយការណ៍ដែលបង្កឲ្យគ្រោះថ្នាក់ ដល់អាយុជីវិតពលរដ្ឋនោះឡើយ៕(កូននាគ)

error: Content is protected !!