មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ជម្រុញឲ្យមន្ទីរពាក់ព័ន្ធផ្សព្វផ្សាយអភិរក្ស និងអភិវឌ្ឍន៍សម្បត្តិវប្បធម៌ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍


ខេត្តបន្ទាយមានជ័យ៖ ថ្លែងក្នុងពិធីសម្ភោធ ស្ពានភ្ជាប់និស្ស័យបារាយណ៍មេបុណ្យ នៅព្រឹកថ្ងៃ២៩ខែសីហា ឆ្នាំ ២០១៩ នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ លោកឧបនាយករដ្ឋមន្ត្រីកែ កឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានជម្រុញឲ្យមន្ទីរពាក់ព័ន្ធផ្សព្វផ្សាយអភិរក្ស និងអភិវឌ្ឍន៍សម្បត្តិវប្បធម៌ជាពិសេសប្រាសាទបុរាណ ដើម្បីឲ្យក្លាយជាសម្បត្តិបេតិកភណ្ឌ ជាតំបន់គោលដៅសំរាប់ទាក់ទាញភ្ញៀវទេសចរណ៍។


លោកឧបនាយករដ្ឋមន្ត្រី បានប្រសាសន៍បន្តថា សម្បត្តិវប្បធម៌ក្នុងខេត្តបន្ទាយមានជ័យ មានចំនួន៦៨៨កន្លែង ដែលមានប្រាសាទចំនួន៣២កន្លែង ទួលប្រាសាទមាន៣៥៨កន្លែង ទួលបុរាណមាន១៥២កន្លែង ទួលកប់សពបុរាណមាន៥២កន្លែង ស្ពានបុរាណមាន១០កន្លែង ស្រះបុរាណមាន៧៣កន្លែង និងបារាយណ៍មានចំនួន៧កន្លែង ដែលសព្វថ្ងៃនេះ សម្បត្តិវប្បធម៌បុរាណទាំងនេះ បានកត់ត្រានៅក្នុងសៀវភៅរបស់មន្ទីរ និងក្រសួង តែប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ មិនសូវស្គាល់នោះទេ។


លោកឧបនាយរដ្ឋមន្ត្រីបញ្ជាក់ថា ខាងមន្ត្រី មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរទេសចរណ៍ត្រូវសហការជាក្រសួង ធ្វើការអភិរក្ស អប់រំផ្សព្វផ្សាយ ដើម្បីឲ្យមានការចូលរួមការពារ ត្រូវបណ្តុះបណ្តាល អបរំធនធានមនុស្សមគ្គទេសក៍ សំរាប់នាំភ្ញៀវបង្ហាញអំពីសម្បត្តិវប្បធម៌ដែលយើងមាន។

ខិតខំប្រឹងប្រែង ជួសជុលប្រាសាទទាំង៩ ដែលនៅក្នុងតំបន់ប្រាសាទបន្ទាយឆ្មារអោយបានល្អ លឿន និងត្រៀមខ្លួនដើម្បីទទួលភ្ញៀវទេសចរណ៍ លើសេវាកម្មស្នាក់នៅ ម្ហូបអាហារ រួមទាំងពង្រឹងសមត្ថភាពរបស់សហគមន៍ផងដែរ។


គួរបញ្ជាក់ថា “ស្ពានភ្ជាប់និស្ស័យបារាយណ៍មេបុណ្យ”នេះ ជាស្ពានដែលសង់ឡើងអំពីឈើ បាតក្រាលក្តារឈើ មានទំហំ២ម៉ែត្រ ប្រវែង៨០០ម៉ែត្រ ដែលសង់ឡើងសំរាប់ដើរថ្មើជើងឆ្លងកាត់បារាយណ៍មេបុណ្យ ឆ្ពោះទៅកាន់ប្រាសាទមេបុណ្យ។

ដែលជាអំណោយរបស់លោកឧបនាយករដ្ឋមន្ត្រី កែ កឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ កឹមយ៉ាន និងសប្បុរសជន ចំណាយថវិកាជាង៨ម៉ឺនដុល្លារសហរដ្ឋអាមេរិកផងដែរ៕( ដោយ សន សុង​)

error: Content is protected !!