រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា.ថៃ ចុះពិនិត្យទីតាំងរៀបចំសម្ភោធស្ពានអន្តរជាតិស្ទឹងបត់និងបើកការដ្ឋានសង់ផ្លូវតភ្ជាប់ពីស្ពានទៅផ្លូវជាតិលេខ៥

បន្ទាយមានជ័យ៖ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន កម្ពុជា.ថៃ ចុះពិនិត្យទីតាំងរៀបចំសម្ភោធស្ពានអន្តរជាតិស្ទឹងបត់និងបើកការដ្ឋានសង់ផ្លូវតភ្ចាប់ពីចំណុចស្ពានអន្តរជាតិស្ទឹងបត់មកផ្លូវជាតិលេខ៥ ដែលចុះពិនិត្យនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០១៩ នៅលើស្ពានអន្តរជាតិស្ទឹងបត់ ក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

 

ក្នុងកិច្ចជំនួបរវាងទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនភាគីកម្ពុជា លោកស៊ុន ចាន់ថុល និង ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនថៃ លោកអាឃុំទើម ធីផៃសិត បានពិភាក្សារៀបចំទីតាំងដើម្បីដាក់សម្ភោធស្ពានអន្តរជាតិស្ទឹងបត់ និងបើកការដ្ឋានសាងសង់ផ្លូវតភ្ជាប់ពីស្ពានអន្តរជាតិស្ទឹងបត់ទៅភ្ជាប់ផ្លូវជាតិលេខ៥។

ទេសរដ្ឋមន្ត្រី លោកស៊ុន ចាន់ថុល មានប្រសាសន៍ថា ស្ពានព្រំដែនច្រកទា្វរអន្តរជាតិស្ទឹងបត់ដែលតភ្ចាប់រវាងប្រទេសថៃ និងកម្ពុជា ត្រូវបានសាងសង់ឡើងដោយវិស្វកម្មភាគីថៃទាំងស្រុងតែម្តង ដែលមានប្រវែង៦០៥ម៉ែត្រ ដែលខាងភាគីកម្ពុជាមានប្រវែង២១៥ម៉ែត្រ និងទទឹង១៧ម៉ែត្រ ដោយខាងភាគីថៃជាអ្នកចំណាយផងដែរ។

លោកទេសរដ្ឋមន្ត្រី បញ្ជាក់ថា ការចុះមករវាងភាគីទាំងពីរនៅថ្ងៃនេះ គឺដើម្បីរៀបចំរាល់នីតិវិធីអោយបានគ្រប់ជ្រុងជ្រោយទាំងអស់ដើម្បីអប់អរសាទរពិធីសម្ភោធស្ពានអន្តរជាតិស្ទឹងបត់នេះ និងពិនិត្យរកទីតាំងដើម្បីសាងសង់អគារស្នាក់ការត្រួតពិនិត្យ រួមទាំងបើកការដ្ឋានសាងសង់ផ្លូវតភ្ចាប់ពីស្ពានទៅកាន់ផ្លូវជាតិលេខ៥ ដែលសម្តេចនាយករដ្ឋមន្ត្រីតេជោហ៊ុន សែន និងឯកឧត្តមនាយករដ្ឋមន្ត្រីថៃ និងអញ្ជើញជាគណធិបតេយ្យនៅថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៩ ខាងមុខនេះ។

ទេសរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោកស៊ុន ចាន់ថុលបញ្ជាក់ថា ច្រកទ្វារព្រំដែន អន្តរជាតិស្ទឹងបត់នេះ សំរាប់ការដឹកទំនិញចេញចូលឆ្លងកាត់ និងច្រកទ្វារអន្តរជាតិប៉ោយប៉ែតគឺសំរាប់ភ្ញៀវទេសចរណ៍ចេញចូល៕(កូននាគ)

error: Content is protected !!