ផ្លូវមួយខ្សែតភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥៨ ដែលមិនទាន់បានចាក់បេតុងប្រមាណជា៣៦០០ម៉ែត្រ អាជ្ញាធរនិងស្ថាបនាឲ្យរួចមុនដាច់ឆ្នាំ២០១៩

 

ខេត្តបន្ទាយមានជ័យ៖ ផ្លូវមួយខ្សែដែលមានប្រវែងប្រមាណ៨គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចធនាគារអេស៊ីលីដា ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥៨ ដែលនៅមិនទាន់បានចាក់បេតុងប្រមាណជា៣៦០០ម៉ែត្រ ទទឹង៨ម៉ែត្រ អាជ្ញាធរក្រុងប៉ោយប៉ែត បានកំពុងស្ថាបនាផ្លូវបេតុងបន្ថែម ដោយតភ្ជាប់ពីផ្លូវបេតុងដែលមានស្រាប់ពីចំណុចមុខពេទ្យបង្អែកប៉ោយប៉ែត ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥៨ ត្រង់ចំណុចភូមិទទួលពង្រ សង្កាត់ផ្សារកណ្តាល ឲ្យបានរួចរាល់មុនដាច់ឆ្នាំ២០១៩។

អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុលបានលើកឡើងនៅក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៩ នៅក្នុងសាលាសង្កាត់ប៉ោយប៉ែតបានឲ្យដឹងថា ផ្លូវមួយខ្សែនេះ ជាផ្លូវដែលមានសារៈសំខាន់ ដែលអាចធ្វើឲ្យអ្នកធ្វើដំណើរ អាចធ្វើដំណើរបានជាច្រើនភូមិ និងផ្លូវដឹកអ្នកជំងឺទៅកាន់មន្ទីរបង្អែក និងជាផ្លូវក្នុងសំរាប់ធ្វើដំណើរ ដើម្បីវាងក្រុង ស្របពេលដែលផ្លូវជាតិលេខ៥ កំពុងមមាញឹកចរាចរណ៍មានការកកស្ទះជាច្រើនផងនោះ។


លោក គាត ហ៊ុល បានបញ្ជាក់ថា ដើម្បីសំរួលរាល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ អាជ្ញាធរបានកំពុងស្ថាបនាផ្លូវបេតុងថ្មីប្រវែង៣៦០០ម៉ែត្របន្ថែម ដែលផ្លូវនេះ ជាផ្លូវក្នុង ដ៏សំខាន់ តភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះមកផ្លូវជាតិលេខ៥៨ ឲ្យបានជាផ្លូវបេតុង និងឲ្យរួចរាល់មុនដាច់ឆ្នាំ២០១៩នេះ ដែលការចំណាយ ជាថវិកាមូលនិធិរបស់ក្រុង សង្កាត់ផ្សារកណ្តាល និងសង្កាត់ប៉ោយប៉ែត ព្រមទាំងថវិកាចូលរួមពីខាងខេត្តផងដែរ។


នៅក្នុងកិច្ចប្រជុំនេះ លោកគាត ហ៊ុល បានជំរុញឲ្យអាជ្ញាធរភូមិទាំងអស់ ចុះធ្វើការផ្សព្វផ្សាយអំពីច្បាប់ផ្លូវថ្នាល់ក្នុងដែនគ្រប់គ្រងរបស់អាជ្ញាធរ ឲ្យពលរដ្ឋមានការជ្រាបច្បាស់ ដើម្បីទប់ស្កាត់ការសាងសង់សំយ៉ាបមកលើដីចិញ្ចើមផ្លូវ ត្រូវទប់ស្កាត់ឲ្យខានតែបាននូវសំយ៉ាបដែលសាងសង់ថ្មី និងព្យាយាមពន្យល់ឲ្យពលរដ្ឋរុះរើថយសំយ៉ាបចាស់ដែលសាងសង់រំលោភដីចិញ្ចើមផ្លូវ ដើម្បីការពារការកកស្ទះ គ្រោះថ្នាក់ចរាចរណ៍ជាដើម៕(ដោយ សន សុង)

error: Content is protected !!