ផ្ទុះការតវ៉ាបញ្ឈប់គ្រឿងចក្រក្រុមហ៊ុនរបស់លោកឧកញ៉ា កុក អាន ដែលធ្វើរបងបំពានយកដីផ្លូវរបស់ពលរដ្ឋ

(ខេត្តបន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋនិងមេភូមិអណ្តូងថ្មមាសប្រមាណជិត២០នាក់ លើកគ្នាតវ៉ាផ្អាកសកម្មភាពគ្រឿងចក្រកាយដីក្រុមហ៊ុន របស់លោកឧកញ៉ា កុក អាន ដោយអះអាងថា បានបំពានយកដីផ្លូវ ធ្វើការតវ៉ាកាលពីល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ នៅក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។


ការតវ៉ារបស់អ្នកភូមិប្រមាណជិត២០នាក់ ធ្វើឡើងបន្ទាប់ក្រុមហ៊ុនរបស់លោកឧកញ៉ាកុក អាន បានធ្វើសកម្មភាពប្រើគ្រឿងចក្រ កាយរណ្តៅដី ធ្វើរបងហ៊ុំព័ន្ធ ដីក្រុមហ៊ុនរបស់ខ្លួន តែត្រូវប្រជាពលរដ្ឋលើកគ្នាមកតវ៉ាបញ្ឈប់គ្រឿងចក្រ ដោយចាទប្រកាន់ថាការធ្វើនេះបំពានមកលើផ្លូវរបស់អ្នកភូមិដែលផ្លូវនេះ ជាផ្លូវចាស់ មានតាំងពីអាជ្ញាធរមុនៗតាំងពីបង្កើតភូមិមកម្លេះ ដែលប្រជាពលរដ្ឋមានកម្រោងស្តារឡើងវិញដើម្បីប្រើប្រាស់។


មេភូមិអណ្តូងថ្មមាស លោក សោម ខន បានឲ្យដឹងថា ក្នុងភូមិអណ្តូងថ្មមាស មានមេភូមិ៣ជំនាន់មកហើយ ដែលពីមួយជំនាន់ទៅមួយបានបង្ហាញថា ដីដែលក្រុមហ៊ុនរំលោភយកនេះ ជាផ្លូវដែលមានទំហំ១២ម៉ែត្រដែលតភ្ជាប់ពីចំណុចមុខវត្តអណ្តូងថ្មមាស ឆ្ពោះទៅផ្លូវជាតិលេខ៥៨ចំងាយជិត២០០០ម៉ែត្រ។ លោកបានបញ្ជាក់ថា ដែលប្រជាពលរដ្ឋហ៊ានមកតវ៉ាជាមួយក្រុមហ៊ុននៅចំណុចដីខាងលើ ដោយប្រជាពលរដ្ឋបានធ្វើប្លង់ដី ដែលអាជ្ញាធរមុនៗចេញប្លង់ ព្រមទាំងបញ្ជាក់ថា នៅខាងជើងដីរបស់ពួកគាត់ដែលក្រុមហ៊ុនកំពុងរំលោភ កាយរណ្តៅបំរ៉ុងធ្វើជារបងហ៊ុំព័ន្ធនេះ ជាដីផ្លូវរបស់ប្រជាពលរដ្ឋទាំងស្រុងតែម្តង។


ប្រជាពលរដ្ឋបានបញ្ជាក់ថា បើក្រុមហ៊ុនពិតជាមានឯកសារត្រឹមត្រូវមែននោះ សូមយកមកដាក់ទល់មុខជជែកគ្នា កុំកាយឆៅៗ ធ្វើការរំលោភបំពានផ្លូវរបស់ពួកគាត់យ៉ាងដូច្នេះ។ ហើយពួកគាត់ក៏សំណូមដល់ម្ចាស់ក្រុមហ៊ុន សូមផ្អាកសកម្មភាពគ្រឿងចក្រសិន រងចាំដោះស្រាយ បង្ហាញឯកសារពាក់ព័ន្ធ ឲ្យប្រកដថា ដីក្រុមហ៊ុនមានត្រឹមណា ស៊ឹមធ្វើសកម្មភាពធ្វើរបងបន្តទៀត ដោយមិនចង់ឲ្យមានសាងសង់អ្វីទាំងអស់ បើមានហើយគឺពិបាកជជែកគ្នាណាស់។


ពាក់ព័ន្ធនិងបញ្ហានេះ អ្នកសារព័ត៌មានរងចាំសុំការបកស្រាយពីតំណាងក្រុមហ៊ុនផងដែរ តែតំណាងមិនបានចេញមកជួបឡើយ ហើយក្រុមសន្តិសុខកាស៊ីណូរបស់លោកឧកញ៉ា កុក អាន ដែលចុះមកការពារទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននោះ មិនហ៊ានធ្វើការបកស្រាយអ្វីឡើយ ដោយធ្វើតាមការបញ្ជារបស់មេ ឲ្យមកការពារប៉ុណ្ណោះ៕ (ក្តាមស្រែ)

error: Content is protected !!