អភិបាលខេត្តព្រះសីហនុថ្មី ស្នើឲ្យមន្ត្រីទទួលខុសត្រូវ និងអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន មិនត្រូវធ្វើការតាមទម្លាប់


ខេត្តព្រះសីហនុ៖ ថ្លែងក្នុងកិច្ចប្រជុំបូងជាមួយមន្ត្រីរាជការសាលាខេត្តបន្ទាប់ពីបានប្រកាសចូលកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ កាលព្រឹកថ្ងៃចន្ទ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីទាំងអស់ត្រូវផ្តើមធ្វើទំនាក់ទំនងគ្នារវាងថ្នាក់ដឹកនាំ និងមន្ត្រីឱ្យបានល្អ។


ជាមួយនោះក៏បានស្នើសុំមន្ត្រីទាំងអស់ត្រូវមានការទទួលខុសត្រូវ និងអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន មិនត្រូវធ្វើការតាមទម្លាប់នោះទេ គឺត្រូវធ្វើតាមច្បាប់ជាគោល។ទន្ទឹមនោះ ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់ថាមិនមានរើកកាយរឿងអតីតកាលនោះទេ។

ពោលមន្ត្រីទាំងអស់ ត្រូវចាប់ដៃគ្នាធ្វើការចាប់ពីពេលនេះតទៅ ដើម្បីអនុវត្តគោលការណ៍ទាំង១៣ចំនុចដែលឯកឧត្តបានដាក់ចេញឱ្យទទួលបានជោគជ័យ។
បន្ថែមលើសនេះ ឯកឧត្តម បានណែនាំឲ្យរៀបចំប្រតិទិនការងារប្រចាំថ្ងៃរបស់គណៈអភិបាលខេត្ត និងធ្វើការផ្សព្វផ្សាយនៅលើផេករដ្ឋបាលខេត្ត។ចំពោះការតែងតាំងមន្ត្រី គឺនឹងលើកទឹកចិត្តមន្ត្រីដែលមានសមត្ថភាព ជាពិសេសមន្ត្រីជាស្ត្រីដែលមានសក្តានុពល៕

error: Content is protected !!