បើកម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបុករងរបួសធ្ងន់ នៅក្រុងប៉ោយប៉ែត


បន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវរថយន្តតាក់ស៊ីសៀមរាប-ប៉ោយប៉ែតបុកបណ្ដាលរងរបួសធ្ងន់កាលពីរសៀលថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩នៅតាមបណ្ដោយផ្លូវជាតិលេខ៥ត្រង់ចំណុចភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។


សមត្ថកិច្ចក្នុងមូលដ្ឋានប្រាប់ថា ជនរងគ្រោះមានឈ្មោះសាង គឹមឡេង ភេទប្រុស អាយុ១៨ឆ្នាំ រងរបួសធ្ងន់ផ្នែកជើងរស់នៅភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំណែកអ្នកបើកបរមិនស្គាល់អត្តសញ្ញាណក្រោយកើតហេតុរត់គេចខ្លួនបាត់បន្សល់រថយន្តទុកកន្លែងកើតហេតុ។


សមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុមានរថយន្តLexusRX300 ជាប្រភេទតាក់ស៊ីមួយគ្រឿងពណ៍ប្រផេះចង្កូតឆ្វេងពាក់ស្លាកលេខ បន្ទាយមានជ័យ.2A-6828 បានធ្វើដំណើរក្នុងទិសដៅពីខេត្តសៀមរាបមកទីក្រុងប៉ោយប៉ែតដឹកអ្នកដំណើរក្នុងល្បឿនលឿនស្របទិសជាមួយយុវជនរងគ្រោះជិះម៉ូតូឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BF.9856ដោយមិនពាក់មួកសុវត្តិភាពគ្មានកញ្ចក់លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានបត់ម៉ូតូទៅខាងឆ្វេងដៃដោយមិនបានមើលក្រោយ មិនបើកភ្លើងសញ្ញូជាសញ្ញាសំគាល់ក៏ត្រូវរថយន្តបុកពីបណ្ដាលឲ្យរងរបួសតែម្ដង។


ក្រោយកើតហេតុគេឃើញកម្លាំងសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលនិមិត្ត សម្រួសចរាចរណ៍វាស់វែងជួយអន្តរាគមន៍ដឹកអ្នករងរបួសទៅមន្ទីរពេទ្យ ចំណែកម៉ូតូ និងរថយន្ត សមត្ថកិច្ចយកទៅរក្សាទុកនៅកន្លែងប៉ុស្ដិ៍នគរបាលខាងលើ រងចាំដោះស្រាយតាមផ្លូវច្បាប់៕(នាគរាជ)

error: Content is protected !!