គ្រួសារទីទាល់ក្រ គ្មានទីពឹងចំនួន១០គ្រួសារ ទទួលគ្រឿងឧបភោគ បរិភោគពីក្រុមចលនាយុវជនកម្ពុជា១៥៧

បន្ទាយមានជ័យ៖ ​គ្រួសារទីទាល់ក្រ គ្មានទីពឹងចំនួន១០គ្រួសារ ទទួលគ្រឿងឧបភោគ បរិភោគពីក្រុមចលនាយុវជនកម្ពុជា១៥៧ ក្រុងប៉ោយប៉ែត សាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៩ ចែកនៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ការចែកគ្រឿងឧបភោគបរិភោគរបស់ក្រុមចលនាយុវជន(១៥៧) បានអញ្ជើញចូលរួម ពីលោកសាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត លោកគាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត លោកញ៉ាន អ៊ុយអៀង អធិការរងនៃអធិការដ្ឋានគរបាលក្រុងប៉ោយប៉ែត លោក គិត ​​សារី មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត លោកអ៊ុយ ច័ន្ទរិទ្ធ ប្រធានយុវជនបក្សក្រុងប៉ោយប៉ែត ចៅសង្កាត់ ចៅសង្កាត់រងប៉ោយប៉ែត លោក សុខ ពេញណន នាយករងរដ្ឋបាលក្រុងប៉ោយប៉ែត រួមទាំងមេភូមិ ប្រជាការពារភូមិ ប្អូនៗក្រុមយុវជនគណបក្សក្រុងជាច្រើននាក់ផងដែរ។

លោកគង់ រិទ្ធា ប្រធានក្រុមចលនាយុវជនកម្ពុជា ១៥៧ ក្រុងប៉ោយប៉ែតប្រាប់ថា ដោយមានការចង្អុលបង្ហាញពី លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា និងមានការណែនាំពីលោកចៅជីអាន ប្រធានក្រុមចលនាយុវជនកម្ពុជា១៥៧ សាខាខេត្តបន្ទាយមានជ័យ លោកបានដឹកនាំក្រុមការងារធ្វើជាប្រចាំខែ ចែកគ្រឿងឧបភោគ បរិភោគដល់គ្រួសារទីទាល់ក្រ ជាថវិកាដែលបានមកពីការចែករំលែកពីសមាជិកក្រុមចលនាយុវជនកម្ពុជា១៥៧ និងមានការចូលរួមថវិកាពីលោក គាត ហ៊ុលអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត១០ម៉ឺនរៀល  លោកភោគ លន ចៅសង្កាត់ប៉ោយប៉ែត១០ម៉ឺនរៀល ព្រះគ្រូចៅអធិការវត្តរតនារាម ហៅវត្តផ្សារកណ្តាលព្រះនាម ប៉ូច ពឿនចូលរួមបច្ច័យ២០ម៉ឺនរៀលផងដែរ។

លោកបញ្ជាក់ថា គ្រួសារចាស់ជរា ទីទាល់ក្រ គ្មានទីពឹង មានទីលំនៅក្នុងភូមិក្បាលកោះចំនួន៧គ្រួសារ ភូមិអូរជ្រៅ២គ្រួសារ និងភូមិទួលប្រាសាទ១គ្រួសារ ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលក្នុងមួយគ្រួសារទទួលបាន ៖ អង្ក៥០គីឡូ ទឹកសុទ្ធ៥យួរ សាប៊ូ១គីឡូ អំបិល១គីឡូ ស្កស១គីឡូ ប៊ីចេង១គីឡូ មី១កេះ ត្រីខកំប៉ុង១០កំប៉ុង ប្រេងឆា១លីត្រ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួររួមនិងថវិកា ៩ម៉ឺនរៀល។

លោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត មានប្រសាសន៍កោតសរសើរដល់ក្រុមចលនាយុវជនកម្ពុជា១៥៧ ដែលតែងតែជួយដោះស្រាយជួយសម្រាលបន្ទុកអាជ្ញាធរ បានជួយដល់ពលរដ្ឋទីទាល់ក្រ ជួបការលំបាក ដែលឃើញមានសកម្មភាពត្រូវបានធ្វើជារៀងរាល់ខែផងដែរ ដោយមិនគិតពីនិន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរអ្វីឡើយ។

បន្ទាប់ពីចែកគ្រឿងឧបភោគបរិភោគរួច តាមរយះក្រុមចលនាយុវជនកម្ពុជា១៥៧ ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ ព្រះគ្រូចៅអធិការវត្តរតនសុខសាន្ត ហៅវត្តអូរខៃដន ព្រះនាម ណយ ណេត  បានយកគ្រែដេកអ្នកជំងឺចំនួន២ និងរទេះជនពិកាចំនួន១ ប្រគល់ជូនមន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ ហៅពេទ្យបង្អែកដីថ្មី ដើម្បីយកប្រើប្រាស់ផងដែរ៕កូនពៅ

 

 

error: Content is protected !!