បញ្ជូនជនសង្ស័យលួចរថយន្តទៅតុលាការចាត់ការតាមនីតិវិធី


ខេត្តបន្ទាយមានជ័យៈ នគរបាលជំនាញ ព្រហ្មទណ្ឌកំរិតស្រាល កសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធីច្បាប់កាលពីព្រឹកថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៩នេះបន្ទាប់ពីចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៩និង០៥នាទីព្រឹកថ្ងៃទី១៩ខែ មិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះបងស្រីជនសង្ស័យនៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។


លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ខែម សុភ័ណ្ឌបានឲ្យដឹងថា៖ ក្រោយពីទទួលបានព័ត៌មានថា មានករណីលួចរថយន្តមក។ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដាក់ផែនការឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌដឹកនាំប្រតិបត្តិការផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រីសិទ្ធ ឡោះ ស្នងការរង ទទួលការងារ ព្រហ្មទណ្ឌ ។

លោកនិងកម្លាំងជំនាញក្រោមឱវាទសហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក ស្វាយចេក កម្លាំងនគរបាលស្រុកថ្មពួកនិងកម្លាំងនគរបាលស្រុកអូរជ្រៅ បើកកិច្ចប្រតិបត្តិការស្រាវជ្រាវរកមុខសញ្ញា និងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈន សូរិយ៉ា(ហៅយ៉ា) ភេទប្រុស អាយុ២៨ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅចំណុចផ្ទះបងស្រីរបស់គេឈ្មោះឈន ឈឺន អាយុ៤៦ឆ្នាំ នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួចរថយន្តម៉ាកកាម៉ារីឆ្លាម ពណ៌កណ្តុរប្រម៉េះ សេរី១៩៩៩ ពាក់ស្លាកលេខ.ប.មានជ័យ 2D.8731 របស់ឈ្មោះពៅ វឿន ភេទប្រុសអាយុ៣៦ឆ្នាំ និងប្រពន្ធឈ្មោះប៉ុល សុភី អាយុ៣០ឆ្នាំ នៅ ភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានសម្រេចហើយជិៈយកទៅប្លុងទុកចោលនៅលើផ្លូវលំចំណុចផ្លូវបំបែក ចម្ងាយពីផ្លូវជាតលលេខ២៥៨ ប្រហែល៥គីឡូម៉ែត្រ ។


លោក ស្នងការរង ទទួលការងារព្រហ្មទណ្ឌ សិទ្ធ ឡោះ បានឲ្យដឹងថា៖នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាលួចឡានម៉ាកកាម៉ារីឆ្លាមនោះមែន បន្ទាប់ពីគេបានខ្ចីម៉ូតូអ្នកជិតខាងនៅវេលាម៉ោង៨យប់ ថ្ងៃទី១៨ ខែមមិថុនាឆ្នាំ២០១៩ ជិៈមកលេងផ្ទះឪពុករបស់គេនៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពេលជិៈបានប្រមាណ១៥គីឡូម៉ែត្រ ក៏ឃើញរថយន្តមួយគ្រឿង ទុកនៅលានដំឡូងមី មានទាំងសោស្រាប់ មិនចាក់សោទ្វារជាឱកាស ល្អ រូបគេក៏លួចយកឡាននោះ ហើយទុកម៉ូតូនៅទីនោះទាំងសោរឲ្យម្ចាស់ឡានវិញ ។
ពេលបើកដល់ផ្ទះឪពុកគេ(ជនសង្ស័យ) គាត់មិនបើកទ្វាររបងឲ្យ។ដោយជនសង្ស័យថា គេបើកលេងនៅក្នុងក្រុងសិរីសោភ័ណរួច ក៏បើកទៅលេងផ្ទះបងស្រីគេ លុះព្រឹកថ្ងៃទី១៩ ខែមិថុនាខែឆ្នាំដដែល ក៏ត្រូវកម្លាំងនគរបាលចាប់ខ្លួន ។


លោកបញ្ជាក់ថា៖ជនសង្ស័យឈ្មោះឈន សូរិយ៉ាហៅយ៉ា ធ្លាប់ជាប់ពន្ធនាគារ ពីបទជាប់ពាក់ព័ន្ធករណីមនុស្សឃាត ក្រោយចេញពីពន្ធនាគារធ្វើសកម្មភាពលួចឡាន បច្ចុប្បន្នកម្លាំងជំនាញនគរបាលកំរិតស្រាលបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់ ចំណែករថយន្ត បានធ្វើការប្រគល់ជូនម្ចាស់ដើមវិញ៕

error: Content is protected !!